ផ្លូវក្រវ៉ាត់ក្រុងសៀមរាបសំបូរទៅដោយកន្លែងម៉ាស្សាកោសជប់ សូមរដ្ឋាបាលក្រុងសៀមរាបជួយពិនិត្យមើលផង
ក្រុងសៀមរាប: ជាយូរណាស់មកហើយគេសង្កេតឃើញថាផ្លូវក្រវ៉ាត់ក្រុងសៀមរាបសំបូរទៅដោយកន្លែងម៉ាស្សាកោសជប់សឹងតែសង្ខាងផ្លូវ ដោយឡែកក្នុងក្រុងសៀមរាបក៏មានច្រើនដែរ សូមរដ្ឋាបាលក្រុងសៀមរាបជួយពិនិត្យមើលផងដើម្បីធ្វើអោយក្រុងវប្បធម៌មួយនេះមានសណ្តាប់ធ្នាប់ល្អ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារអ្នកសារព័ត៌មានយើងបានធ្វើដំណើរឆ្លងកាត់តំបន់ខាងលើឃើញថាពិតជាមានច្រើនដូចអ្វីដែលមហាជនធ្លាប់លើកឡើងពិតប្រាកដមែន ហើយផ្លូវក្រវ៉ាត់ក្រុងនេះមាន៣សង្កាត់គឺ: សង្កាត់ជ្រាវ,សង្កាត់ស្វាយដង្គំ,សង្កាត់គោកចក ក្រុងសៀមរាប។
បើតាមប្រភពពីប្រជាពលរដ្ឋខ្លះបានអោយអ្នកសារព័ត៌មានដឹងថាទីតាំងកន្លែងម៉ាស្សាទាំងអស់នោះភាគច្រើនគឺបង្កប់សេវាជួញដូរផ្លូវភេទ ហើយក៏មានកន្លែងខ្លះសង្ស័យថាលួចប្រើប្រាស់គ្រឿងញៀនថែមទៀតផង ចំណុចទាំងអស់នេះហើយដែលអាចបង្ករភាពអាណាធិបតេយ្យក្នុងក្រុងសៀមរាប។
គួរំលឹកផងដែរថាកន្លងមកអង្គភាពសារព័ត៌មានយើងខ្ញុំក៏ធ្លាប់បានផ្សាយផងដែរកាលពីមួយឆ្នាំមុន បន្ទាប់ពីបានធ្វើការផ្សាយរួចហើយក៏បានឮតាមរយ:ប្រភពពីពលរដ្ឋថា: ខាងរដ្ឋាបាលក្រុងគេនឹងរៀបចំប៉ុន្តែរហូតមកដល់ពេលនេះទីតាំងទាំងអស់នោះនៅតែដដែល។
ជុំវិញករណីទីតាំងហាងម៉ាស្សាកោសជប់ខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំក៏សូមសំណូមពរសារជាថ្មីម្តងទៀតដល់រដ្ឋាបាលក្រុងសៀមរាបសូមមេត្តាចុះត្រួតពិនិត្យមើលនិងរៀបចំសណ្តាប់ធ្នាប់ដើម្បីកុំអោយមានភាពអាណាធិបតេយ្យក្នុងក្រុងបែបនេះព្រោះក្រុងសៀមរាបជាក្រុងមួយពោរពេញទៅដោយ វប្បធម៌ និងអរិយធម៌ល្អបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយជាពិសេសក៏សំបូរភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនៅក្រុងសៀមរាបផងដែរ។
អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំធ្វើការផ្សាយបកស្រាយជូនឡើងវិញនៅពេលណាដែលមានការបំភ្លឺពីស្ថាប័នពាក់ព័ន្ធតាមរបបច្បាប់អ្នកសារព័ត៌មាន៕
Post a Comment