សង្ស័យតែអាងបងថ្លៃជាមន្ត្រីកងរាជអាវុធហត្ថ ទើបហ៊ានអាស្រ័យផល ហើយទន្រ្ទានដីព្រៃ កសិកម្មតំបន់៣ ជាតំបន់ហាមឃាត់បែបនេះ

សៀមរាប÷ បុរសម្នាក់រងការចោទប្រកាន់ ពី ប្រជាពលរដ្ឋថាហ៊ានធ្វើស្រែប្រាំងនិងទន្រ្ទានដីព្រៃកសិកម្មតំបន់៣ ដែលជាតំបន់រដ្ឋហាមឃាត់ដែលសង្ស័យថាអាងបងថ្លៃជា PM តើម្នាក់នោះជាអ្នកណា? ហេតុអ្វីហ៊ានម្ល៉េះ? ប៉ុន្តែបើទោះបីថាបងថ្លៃជាកងរាជអាវុធហត្ថក៏មិនត្រូវហ៊ានបែបនេះដែរព្រោះប្រទេសមានច្បាប់។



បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍មកថាមានអ្នក អាស្រ័យផលហើយថែមទាំងរុករានទន្ទ្រានដីព្រៃតំបន់ ៣ ដែលជាតំបន់ហាមឃាត់នៅព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែ មករា ឆ្នាំ២០២៥ អ្នក សារព័ត៌មានយើងក៏បានចុះពិនិត្យមើល ដើម្បីផ្ដិតយករូបភាពឃើញថាពិតជាមាន ការអាស្រ័យផល ហើយនិងទន្រ្ទានដីកសិកម្មតំបន់ ៣ ជាតំបន់ ហាមឃាត់ពិតប្រាកដមែន ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវ ឡានម្ដុំច្រមុះជ្រូកខាងលិច ភូមិ ព្រៃប្រស់ស្ថិត ក្នុង ភូមិ បុស្សគរ ឃុំ គោកធ្លកក្រោមស្រុកជីក្រែង ខេត្ត សៀមរាប។


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់អ្នកសារព័ត៌មាន ថាអ្នកក្លាហានល្មើសច្បាប់ដីព្រៃតំបន់ ៣ ខាងលើនេះឈ្មោះ ជឿន ចិត្ត ភេទប្រុស បច្ចុប្បន្នរស់នៅភូមិ ព្រៃ ប្រស់ ឃុំ សង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាបដែលមានបងថ្លៃជាPM ស្រុកជីក្រែងមានតួនាទីការពារសន្តិសុខ និងបង្រ្កាបបទល្មើស ផ្សេងៗ ប្រចាំទិសឃុំសង្វើយ និងឃុំ ឫស្សីលក។ 


ប្រភពដដែលបានបន្តថា ដីនេះបាននឹងកំពុងទន្ទ្រានចាប់ពីឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន ដោយគ្មានជំនាញណារំខានឡើយសង្ស័យតែមានបងថ្លៃជា PM ទើបស្ងប់ស្ងាត់បែបនេះ។ គាត់ថាដីតំបន់នេះ មានអ្នកធ្លាប់អាស្រ័យផលជាច្រើនឆ្នាំ ប៉ុន្តែក្រោយ អាជ្ញាធរ បឹង ទន្លេសាប បោះបង្គោលឡាក់ រួចអ្នកដែលមានដីស្រែនៅក្រៅបង្គោលបានប្រគល់ដី ជូនរដ្ឋវិញសូម្បីតែដីរបស់ លោក ជឿន ចិត្ត កំពុងអាស្រ័យផលក៏លោក ជឿន សារ៉ាន ហៅ កឺក ត្រូវជាបងប្អូនបង្កើតរបស់លោក ជឿន ចិត្ត បានប្រគល់ជូនរដ្ឋវិញផងដែរ គ្មានប្រជាកសិករ ណា ហ៊ានអាស្រ័យផលឡើយ ផ្ទុយទៅវិញលោក ជឿន ចិត្ត មិនត្រឹមតែហ៊ានអាស្រ័យផលទេថែមទាំងជួលកម្មករក្នុង ១ ថ្ងៃ ៤ទៅ៥ នាក់ឲ្យប្រមូលឈើដែលបានកាប់ចាស់ និងកាប់ព្រៃឈឺ ថ្មី បន្ថែម។


ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ជុំ សុភាព នាយសង្កាត់រដ្ឋាបាលជលផលកំពង់ក្តីបានថ្លែងថា :លោក មិនបានទៅពិនិត្យទេ បើសិនមានករណី ដូច្នេះមែន ចូលឆ្នាំចិនរួច លោក នឹងស្នើសុំកម្លាំងគណៈបញ្ជាការ ឯកភាព ស្រុក ចុះទៅពិនិត្យរីឯមេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែងលោក វិរះសនីយ៍ត្រី ហង្ស វិចិត្រ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាម ប្រព័ន្ធ Telegram ថាសូមឲ្យ អ្នកសារព័ត៌មានជួយវែកមុខ អ្នកប្រព្រឹត្តឲ្យច្បាស់ថាតើអ្នកណាប្រព្រឹត្តផ្ទាល់ ហើយអ្នកណានៅពីក្រោយខ្នងក្នុងរឿងនេះ? ដើម្បីបញ្ជូនខ្លួនទៅ តុលាកា លោក បន្តថា ចំណែក កូនចៅរបស់លោកៗ បានណែនាំហើយបុក្គលណាហ៊ានប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនលើកលែងបានឡើយ នេះជាបទបញ្ជាថ្នាក់លើ។


រីឯម្ចាស់ ស្រែ ដែលប្រជាពលរដ្ឋចោទប្រកាន់ថាបានកាប់ហែកដីតំបន់ ៣ ខាងលើ លោក ជឿន ចិត្ត បានបកស្រាយប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោក ពិតជាបាន អាស្រ័យផល នៅតំបន់៣ មែនហើយលោកក៏ដឹងថា ដីស្រែរបស់លោកនៅឆ្ងាយពីបង្គោលឡាក់ ប៉ុន្តែលោកបានសុំការអនុញ្ញាតពីលោក មេឃុំ សង្វើយរួចហើយ លោក មេឃុំ សង្វើយក៏បាន អនុញ្ញាត ឱ្យលោកអាស្រ័យផល ប៉ុន្តែ រឿងកាប់ហែក ដីព្រៃឈើថ្មីលោក បដិសេធថា លោកមិនបានកាប់ហែកទេ លោកទៅស្រែ គ្រាន់តែលើក ភ្លឺស្រែ ទប់ទឹក តែប៉ុណ្ណោះ បញ្ហាកាប់ព្រៃនិងប្រមូលឈើងាប់ៗសង្ស័យតែអ្នករកអុសទេមើលទៅ។


ទន្ទឹមនឹងនោះដែរ មេឃុំ សង្វើយលោក តែម គឹមសេង ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានតាមទូរស័ព្ទថា ទោះបីជាថ្លើម លោក ធំ ប៉ុនមេឃ ក៏ លោក មិនហ៊ាន អនុញ្ញាត ឲ្យប្រជាពលរដ្ឋអាស្រ័យផលក្រៅបង្គោលឡាក់ ដែលបានបោះដោយ អាជ្ញាធរបឹងទន្លេសាប ដែរ។



ម្យ៉ាងវិញទៀតដីនៅចំណុចនេះត្រូវបានកាត់ចូលទៅឃុំ គោក ធ្លកក្រោមហើយ ក្នុងនោះមេឃុំ គោក ធ្លកក្រោម លោក ជៀប សាន បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាដីទាំងនេះត្រូវបានគេឈូសឆាយ តាំងពីនៅក្នុងដែនរដ្ឋបាល ឃុំ សង្វើយម្ល៉េះក្រោយមកទើបកាត់ឲ្យឃុំ គោក ធ្លកក្រោមលោកមានប្រសាសន៍បន្តថា ទោះបីជាយ៉ាងនេះក៏ដោយលោកបានអញ្ជើញប្រជាពលរដ្ឋ ដែលមានដីស្រែក្រៅបង្គោលឡាក់ទាំងអស់ដោយ ជម្រាបប្រាប់ពួកគាត់ថាហាម អាស្រ័យផល ដាច់ខាតបើអ្នកណាហ៊ាន នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ដោយខ្លួនឯងជាធរមាន។


ក្នុងនោះដែរប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង  លោក បូ ម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកជីក្រែង មេត្តាចុះពិនិត្យស្រាវជ្រាវរកជនល្មើសដែលបាននឹងកំពុងរុករានទន្ទ្រាន ដីកសិកម្ម តំបន់៣ រៀងរាល់ឆ្នាំខាងលើនេះ ដែលផ្គើននឹងបទបញ្ជា អាជ្ញាធរ បឹងទន្លេសាប ដោយមិនខ្វល់ពី លំនឹង អេកូឡូស៊ី ជីវចំរុះ និងបរិស្ថាន ជុំវិញ បឹងទន្លេសាប មកផ្តន្ទាទោសតាមច្បាប់ផងទាន។ បើមិនដូច្នេះទេអ្នក ផ្សេង អាចធ្វើតាម អញ្ចឹងច្បាប់របស់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់និងនេសាទនឹងក្លាយជាឥតន័យជឿជាក់ជាមិនខាន៕



Powered by Blogger.