នគរបាលថៃលើកឡើងថា ជនបរទេសចំនួន៣៩នាក់ បានរត់គេចខ្លួនចេញពីមណ្ឌលឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា ចូលមកទឹកដីថៃ
ថៃ៖ នគរបាលជាតិថៃ បានរៀបរាប់ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ(AFP) នៅព្រឹកថ្ងៃនេះថា មានជនបរទេសចំនួន៣៩នាក់បានរត់គេចខ្លួនចេញពីមជ្ឈមណ្ឌលគម្រោងឆបោកតាមអនឡាញដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយពួកគេបានឆ្លងព្រំដែនចូលមកក្នុងទឹកដីប្រទេសថៃ ខណៈក្រុមមន្រ្តីថៃនានាកំពុងតែបន្តនីតិវិធីកំណត់អត្តសញ្ញាណលើជនរងគ្រោះដោយសារតែការជួញដូរនេះ។
ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ ដដែលបានគូសបញ្ជាក់នៅថ្ងៃអង្គារនេះបន្ថែមទៀតថា ទីតំាងឆបោកតាមប្រព័ន្ធអនឡាញរីកដុះដាលដូចផ្សិតនៅតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា ជាប់នឹងព្រំដែនថៃ ដោយមានជនបរទេសត្រូវគេឆបោកមករកស៊ីនៅលើប្រព័ន្ធនេះជាច្រើននាក់ ក្នុងនោះភាគច្រើនដែលគេរកឃើញគឺត្រូវគេជួញដូរ ហើយនិងបង្ខិតបង្ខំឱ្យធ្វើការងារហួសប្រមាណ ដោយគ្មានពេលវេលាសម្រាកនោះឡើយ ខណៈទឹកលុយរាប់សិបពាន់លានដុល្លារអាម៉េរិកបានស្រូបយកបានចេញពីការឆបោកនៅលើប្រព័ន្ធអនឡាញមួយនេះ។
ដោយយោងតាមលោកអធិការនគរបាលស្រុក ម៉ែ សត (Mae Sot)ខាងភាគីថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសមីយ៉ាន់ម៉ាបានថ្លែងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបរទេសថា ជនបរទេសដែលរត់គេចខ្លួនចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញមានជនជាតិស្រីលង្កា នេប៉ាល់ ម៉ាឡេស៊ី ហើយនឹងមកពីប្រទេសរុស្ស៊ី។ លោកបន្តទៀតថា ជនទំាងអស់នោះបានឆ្លងចូលមកតាមខេត្តតាក(Tak) ក្នុងប្រទេសថៃ ដោយធ្វើដំណើរគេចខ្លួនចេញពីតំបន់ម្យ៉ាវ៉ាតឌី(Myawaddy)ខាងប្រទេសមីយ៉ាន់ម៉ា។
យោងតាមក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា តំបន់ម្យ៉ាវ៉ាតឌី(Myawaddy) គឺជាតំបន់មួយដែលមានការត្រួតត្រាយ៉ាងតឹងរឹងពីសំណាក់ក្រុមជីវពលដែលមានសម្ព័ន្ធភាពជាមួយនឹងក្រុមយោធាលោកមីអ៊ុងឡំាង ហើយទីតំាងនេះហើយជាចំណុចក្តៅនៃការផលិតគ្រឿងញៀនផង និងបង្កើតជាទីតំាងអន្តរបណ្តាញឆបោកតាមអនឡាញផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះ ស្ថានទូតស្រីលង្កា ប្រចំានៅក្រុងបាងកកបានស្នើសុំដល់អាជ្ញាធរថៃជួយជម្លៀសពលរដ្ឋរបស់ខ្លួនប្រមាណជា៣២នាក់ដែលកំពុងតែជាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលមានសេចក្តីរាយការណ៍ពីជ្រុងព័ត៌មានថៃឯណោះបានលើកឡើងថា មានពលរដ្ឋជាតិនេប៉ាល់ ៥នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ រួមទំាងជនជាតិរុស្ស៊ីម្នាក់ផង បានរត់គេចខ្លួនចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញចូលមកដល់ទឹកដីថៃរួចហើយកាលពីម្សិលមិញនេះ។
ទីភ្នាក់ងារសារព័ត៌មានបារំាងដដែល បានរំលេចបន្តទៀតថា ក្រុមការងាររបស់ខ្លួនបានព្យាយាមសុំការធ្វើអត្ថាធិប្បាយពីសំណាក់ស្ថានទូតចំនួន៤ប្រទេសប្រចំានៅទីក្រុងបាងកក ចំពោះពលរដ្ឋរបស់ពួកគេដែលបានរត់គេចខ្លួនបានជោគជ័យកាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ដោយឡែកក្រុមមន្រ្តីអន្តោប្រវេសន៍ថៃឯណេះវិញ បានលើកឡើងថា ខ្លួនកំពុងតែព្យាយាមដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដោយសារតែការជួញដូរមនុស្ស ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា ក្រុមជនរងគ្រោះទំាងអស់នោះចាញ់បោកគេ ដោយជឿលើការឃោសនាតាមបណ្តាញសង្គមថា ធ្វើការងារមានប្រាក់ខែច្រើននិងងាយស្រួល ដែលនោះជាចំណុចគន្លឹះអាចល្បួងជនរងគ្រោះបានយ៉ាងស្រួល ងាយនឹងធ្លាក់ចូលក្នុងអន្ទាក់នៃការឆបោកតាមអនឡាញឈានដល់ការជួញដូរមនុស្សបន្តទៀត។
ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនឯណោះវិញបានបង្ហាញតួលេខថា មានមនុស្សច្រើនជាង៤ម៉ឺននាក់ ត្រូវគេសង្ស័យថា បានចូលរួមនៅក្នុងគម្រោងឆបោកនៅលើបណ្តាញអិនធឺណែតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជនទំាងអស់នោះបានប្រគល់ឱ្យអាជ្ញាធរចិនកាលពីឆ្នំា២០២៣។
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានរាយការណ៍នៅព្រឹកនេះដែរថា មេដឹកនាំជាម្ចាស់គម្រោងឆបោកនៅលើប្រព័ន្ធអនឡាញនោះ បានរត់គេចខ្លួន និងប្រើប្រាស់រូបភាពផ្សេងៗ ជ្រកក្រោមស្លាកបើកហាងនៅទីតំាងផ្សេងទៀត ដោយទុកឱ្យអនុក្រុមរបស់គេធ្វើការងារនេះបន្តជាច្រើនវគ្គ និងច្រើនជាន់ថ្នាក់នៅតាមតំបន់ព្រំដែនភាគខាងត្បូងជាប់នឹងព្រំដែនជាមួយនឹងប្រទេសថៃ។
រីឯប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប្រទេសមីយ៉ាន់ម៉ាវិញបានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា កាលពីខែធ្នូ ឆ្នំាមុន ប្រមុខដឹកនំាយោធាមីយ៉ាន់ម៉ា លោក មីអ៊ុងឡំាង និងក្រុមមន្រ្តីយោធាថៃបានព្រមព្រៀងគ្នាដើម្បីកម្ចាត់ចោលនូវហ្គេមអនឡាញ និងគម្រោងឆបោកតាមអនឡាញដែលស្ថិតនៅក្បែរតំបន់ម្យ៉ាវ៉ាតឌី(Myawaddy)នៅភាគនិរតី ប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋកាយីន(Kayin)ជាប់នឹងព្រំដែនជាមួយនឹងប្រទេសថៃ៕
Post a Comment