កម្មវិធី «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ មិនអនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់ទូរសព្ទដៃ និងទឹកលុប ក្នុងពេលប្រឡងឡើយ
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើទឹកដីអច្ឆរិយ នាខេត្តសៀមរាប នឹងមិនអនុញ្ញាតឱ្យបេក្ខជនចូលរួមប្រឡង ប្រើប្រាស់ទូរសព្ទដៃ និងទឹកលុបឡើយ។ នេះជាបញ្ជាក់របស់គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ នៅក្នុងសនិ្នសីទសារព័ត៌មានលើកទី២ ស្ដីពីកម្មវិធី «សំណេរអង្គរ» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
គណៈកម្មការដែលមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្ដីពីកម្មវិធី «សំណេរអង្គរ» នាព្រឹកនេះមានចំនួន៤រូប រួមមាន លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា លោក យិន ធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងលោក ព្រៃ សំបូរ អនុប្រធានការិយាល័យកម្មវិធីភាសាខ្មែរ។
នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា គិតមកទល់ពេលនេះកម្មវិធីសំណេរអង្គរលើកទី២ ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រកួតប្រជែងចំនួន១២១៤នាក់ ក្នុងនោះមានព្រះសង្ឃចំនួន៨២អង្គ និងជនជាតិបរទេសចំនួន២នាក់ ចំណែកបេក្ខជនដែលមានអាយុច្រើជាងគេគឺ៨១ឆ្នាំ និងតិចជាងគេអាយុ៦ឆ្នាំ។ លោក លឹម ប៊ុនហុក បានលើកឡើងទៀតថា គណៈកម្មការរៀបចំកម្មវិធី «សំណេរអង្គរ» ក៏មានបំណងរៀបចំកម្មវិធីនេះនៅរាជធានីភ្នំពេញផងដែរ តែពេលវេលាជាក់លាក់ លោកមិនទាន់អាចបញ្ជាក់ជូនបាននៅឡើយទេ។
ទាក់ទិននឹងបទប្បញ្ញត្តិនៃការប្រឡងវិញ វាគ្មិនដែលអញ្ជើញមកពីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មការមិនអនុញ្ញាតឱ្យបេក្ខជនប្រើទឹកលុប ដើម្បីលុបទៅលើក្រដាសកិច្ចការខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទដៃដែរ។ លោកវាគ្មិនបន្តថា ប្រសិនបេក្ខជនសរសេរខុស គឺអាចគូសឆូតមួយនៅលើពាក្យដែលខុសនោះ។
គណៈកម្មការរៀបចំកម្មវិធី «សំណេរអង្គរ» បានគូសបញ្ជាក់ថា ការធ្វើកំណែទៅលើក្រដាសកិច្ចរបស់បេក្ខជន គឺឈរនៅលើគោលការណ៍ចំនួន៤មានដូចជា ច្បាប់ តម្លាភាព សុក្រឹត្យ និងលទ្ធផលទទួលយកបាន។
បន្ថែមពីលើនេះ លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានស្នើដល់បេក្ខជន ដែលចូលរួមប្រឡងកុំមានការធ្វេសប្រហែស ទៅសោភណភាពនៃក្រដាសកិច្ចការ ពោលគឺត្រូវមានការផ្ចិតផ្ចង់ទៅលើសំណេររបស់ខ្លួនដូចជា តំណកឃ្លា ការចាប់ផ្ដើមបន្ទាត់ ឬចុះបន្ទាត់ ពិសេសអក្ខរាវិរុទ្ធដោយផ្អែកតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
យោងតាមគណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ លើកទី២ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទឱ្យបេក្ខជនសរសេរតាមអាន ខណៈឆ្នាំមុនលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកអាន។
សូមបញ្ជាក់ជូនថា កម្មវិធី «សំណេរអង្គរ» លើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គវត្ត ហើយការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក ចំណែកលទ្ធផលនឹងប្រកាសជូនបេក្ខជននៅល្ងាចថ្ងៃដដែល។
កម្មវិធី «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរឱ្យកាន់តែស្រលាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងចូលរួមចំណែកផ្សព្វផ្សាយបន្ថែម នូវរមណីយដ្ឋានអង្គរវត្តដ៏មហស្ចារ្យ ក្នុងពិភពលោកដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អផូរផង់ របស់ព្រះរាជាណាចក្រកម្ពុជា៕
Post a Comment